«គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅ និងធំមួយទៀតនៅកម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន«។ នេះបើតាមប្រសាសន៍របស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យភស្តុភាកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវទិសដៅកំណើនសេដ្ឋកិច្ចតាមការរំពឹងទុក។ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងបន្ថែមថា គម្រោងនេះនឹងជួយបំពេញបន្ថែមទៅលើកំពង់ផែដែលមានស្រាប់ដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងជួយជំរុញអនុវត្តឱ្យបានជោគជ័យនូវផែនការមេដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានដាក់ចុះក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ជាងនេះទៅទៀត គម្រោងនេះនឹងចូលរួមចំណែកផងដែរក្នុងការជួយអនុវត្តឱ្យសម្រេចជោគជ័យនូវផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនិង ភស្តុភារកម្ម និងជួយបំពេញនូវគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងមានផែនការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ នៅក្នុងពេលដ៏ខ្លីខាងមុខ ដែលនឹងមានអំណោយផលល្អ ក្នុងការតភ្ជាប់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ជាមួយតំបន់ផ្សេងៗនៅទូទាំងប្រទេស និងជាមួយប្រទេសជិតខាង។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនកំពតឡូជី ស្ទីក អេន ផត ដែលបានបោះទុនដ៏ច្រើនវិនិយោគលើការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យភស្តុភារកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរចំពោះក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងក្រុមហ៊ុនសំណង់ផ្សេងៗទៀត ព្រមទាំងអាជ្ញាធរ ដែនដីខេត្តកំពត និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការល្អក្នុងពេល ចុះសិក្សា និងសម្របសម្រួលឱ្យគម្រោងនេះមានដំណើរការឈានមកដល់ការប្រារព្ធធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាពេលនេះ។ជាមួយគ្នានោះផងដែរ មានមតិសំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគូសបញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវគ្រប់កាលៈទេសៈ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការកែទម្រង់ដ៏មុតស្រួចដែលបានដាក់ចេញ តាមរយៈផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាល និងឆន្ទៈដ៏មោះមុតលើការបន្តកំណែទម្រង់ស៊ីជម្រៅ បាននាំកម្ពុជាទទួលបានការរីកចម្រើនគ្រប់វិស័យ។ សូមជម្រាបជូនថា ផ្អែកលើលទ្ធផលនៃការសិក្សាលម្អិត គម្រោងវិនិយោគនេះឋិតទីតាំងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសក្តានុពលខ្ពស់សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង ដោយមានកត្តាអំណោយផលពីធម្មជាតិរួមមាន៖ ជាតំបន់សមុទ្រទឹកជ្រៅ និងជាតំបន់ពុំសូវរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដោយមានរបាំងការពារព្យុះ រលក ពីកោះថ្មី កោះសេះ និងកោះត្រល់ ជាពិសេស ក្រុមហ៊ុនក៏បានសាងសង់ឃ្លងនាវាចរណ៍រួចជាស្រេចផងដែរ។មិនតែប៉ុណ្ណោះ ទីតាំងគម្រោងនេះ ស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។ គម្រោងវិនិយោគនេះ មានផែនការអនុវត្តជា៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១៥០០ លានដុល្លារអាម៉េរិក ដែលនៅក្នុងផែនការដំណាក់កាលទី១ គឺមានចំនួនប្រមាណ ២០០ លានដុល្លារអាម៉េរិក។គម្រោងនេះនឹងរួមមាន៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរណ៍ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍន៍គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។ចំពោះទីតាំងកំពង់ផែពហុបំណងមានជម្រៅទឹកប្រមាណ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០ តោន អាចចូលចតបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)
គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)
សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)
សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា